Apple បានប្រកាសចេញ iPhone 16 series, នាឡិកាឆា្លតវៃ Apple Watch Series 10 និងកាសឥតខ្សែ AirPods 4 រួចហើយនៅក្នុងខែកញ្ញាកន្លងទៅនេះ។ សម្រាប់ខែតុលានេះ ឬមុនពេលដាច់ឆ្នាំ 2024 នេះ Apple ក៏កំពុងត្រៀមប្រកាសចេញ iPad និង Mac ស៊េរីថ្មីៗផងដែរ នេះបើយោងតាមប្រភពព័ត៌មានភាគច្រើនបានចុះផ្សាយ។
កាលពីមួយរយៈចុងក្រោយនេះ MacBook Pro ស៊េរីថ្មី 16” & 14” ជាមួយបន្ទះឈីប M4 ត្រូវបានលេចធ្លាយនៅខាងក្រៅផ្ទាល់ ដោយមានវីដេអូបើកប្រអប់បង្ហោះលើយូធូប មុនថ្ងៃដែលក្រុមហ៊ុនប្រកាសចេញទៅទៀត។ នេះជាសញ្ញាបង្ហាញថា Apple នឹងប្រកាសចេញនៅក្នុងពេលឆាប់ៗនេះហើយ ដោយសារតែផលិតផលគឺរួចរាល់សម្រាប់ដាក់លក់។
ចំពោះម៉ាស៊ីនប្រើប្រាស់ M4 ធម្មតា គឺត្រូវបានលេចធ្លាយមកថានឹងមានជម្រើស 16GB RAM និងរន្ធ Thunderbolt ចំនួន 3 ដែលកាលពីនៅលើជំនាន់មុន M3 គឺមានតែ 2 ប៉ុណ្ណោះ លុះត្រាតែនៅលើម៉ាស៊ីន M3 Pro ឡើងទៅ។
ចំពោះ Mac mini ស៊េរីថ្មីកាន់តែតូចជាងមុនទៀតនោះ ទំហំប្រហាក់ប្រហែលដុំ Apple TV ប៉ុណ្ណោះ ក៏អាចនឹងប្រកាសចេញនៅពេលខាងមុខនេះដូចគ្នា ដោយបំពាក់ឈីប M4 និង M4 Pro (រំលងជំនាន់ឈីប M3 series) ហើយអាចលែងមានរន្ធ USB A តទៅទៀត ជំនួសជាមួយរន្ធ Thunderbolt ទាំងស្រុងតែម្ដង។
iMac ក៏អាចទទួលបានបន្ទះឈីប M4 series ថ្មីចុងក្រោយដូចគ្នា ប៉ុន្ដែរូបរាងនៅរក្សាដដែល ជាមួយការផ្លាស់ប្ដូរ Magic Mouse, Magic Keyboard និង Magic Trackpad ទៅប្រើប្រាស់រន្ធ USB-C ទាំងអស់វិញ។
iPad mini ទំនងជាប្រកាសចេញមែនទែនហើយលើកនេះ ក្រោយពីមានការពន្យាពេលជាច្រើនដងមក ពីព្រោះម៉ូឌែលចុងក្រោយបង្អស់បានប្រកាសចេញតាំងពីឆ្នាំ 2021 ប្រើប្រាស់ឈីប A15 ដែលមានកម្លាំងស្មើនឹង iPhone 13 series ផងដែរ។ អ៊ីចឹងហើយជាមួយ iPad mini ស៊េរីថ្មី គឺមានដំណឹងមួយចំនួនថា Apple ចង់បំពាក់ឈីប A17 Pro ដើម្បីអនុញ្ញាតឲ្យប្រើប្រាស់ Apple Intelligence បានដូចនៅលើ iPhone 15 Pro/Pro Max ប៉ុន្ដែប្រភពខ្លះទៀតលើកឡើងមកថា Apple នឹងផ្ដល់ឲ្យឈីប M4 តែម្ដង។
iPad ជំនាន់ទី 11 ក៏អាចប្រកាសចេញនៅក្នុងខែតុលានេះដូចគ្នា ដើម្បីមកជំនួសឲ្យ iPad ជំនាន់ទី 10 ប្រកាសចេញកាលពីឆ្នាំ 2022 ជាមួយឈីប A14 ដូច្នេះសម្រាប់ជំនាន់ក្រោយនេះ គឺអាចគ្រាន់តែដំឡើងទៅឈីបជំនាន់ក្រោយប៉ុណ្ណោះ និងនៅរក្សាអ្វីផ្សេងៗទៀតនៅដដែល។
ស្របគ្នានឹងពេលនេះ នៅចុងខែតុលា 2024 នេះ កំណែអាប់ដេត iOS 18.1 នឹងចាប់ផ្ដើមបញ្ចេញឲ្យអ្នកប្រើប្រាស់ ជាមួយមុខងារ Apple Intelligence ជាបណ្ដើរៗដូចគ្នា។